គណៈប្រតិភូខេត្តជីលីន នៃប្រទេសចិន ពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើការវិនិយោគ និងពាណិជ្ជកម្ម

17 Jun, 2024 04:46 AM | 5 months ago

គណៈប្រតិភូខេត្តជីលីន នៃប្រទេសចិន ពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើការវិនិយោគ និងពាណិជ្ជកម្ម
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
នាព្រឹកថ្ងៃសុក្រ ៨កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០២៤ អ្នកឧកញ៉ា លី ឃុនថៃ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ទទួលជួបសម្តែងការគួរសម និង ពិភាក្សាការងារជាមួយគណៈប្រតិភូមកពីខេត្តជីលីន នៃប្រទេសចិនដែលដឹកនាំដោយ លោកស្រី រិន ហ៊ួយឈីង (Ren Huiqing) តំណាងមន្ទីរពាណិជ្ជកម្មខេត្តជីលីន។ នៅក្នុងជំនួបពិភាក្សានេះ លោកស្រី រិន ហ៊ួយឈីង បានលើកឡើងអំពីគោលបំណងចំនួនពីរនៃដំណើរទស្សនកិច្ចមកកាន់កម្ពុជា គឺ ១)ការគាំទ្រគោលនយោបាយរបស់រដ្ឋាភិបាលក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការចំណងមិត្តភាពចិន-កម្ពុជា និង ២)ពង្រឹងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ លោកស្រី បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ គឺជាស្ពានសម្រាប់ការសហការរវាងប្រទេសទាំងពីរ ដោយក្នុងដំណើរទស្សនកិច្ចនេះមានក្រុមហ៊ុនរបស់ខេត្តជីលីនដែលមានឯកទេសក្នុងវិស័យ កសិកម្ម សំណង់ បច្ចេកវិទ្យា យានយន្ដ ជណ្ដើរយន្ដ និងគ្រឿងសម្អាងដែលចង់វិនិយោគ និងសិក្សាពីបរិយាកាសនៅប្រទេសកម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះគណៈប្រតិភូក៏បង្ហាញពីសក្ដានុពលនៃខេត្ដជីលីន និងបានអញ្ជើញអ្នកឧកញ៉ា លី ឃុនថៃ និងសមាជិកសភាពាណិជ្ជកម្ម ទៅបំពេញទស្សនកិច្ចនៅខេត្តជីលីនផងដែរ។
អ្នកឧកញ៉ា លី ឃុនថៃ បានស្វាគមន៍យ៉ាងកក់ក្ដៅ និង គាំទ្រចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និង ខេត្តជីលីន នៃប្រទេសចិន ដែលពិតជារួមចំណែក ក្នុងការបង្កើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ក្នុងនោះផងដែរ អ្នកឧញ៉ា បានលើកឡើងអំពីភាពអំណោយផលរបស់កម្ពុជារួមមាន៖ កត្តាសុខសន្តិភាព ស្ថិរភាព ធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធសម្បូរបែប ទីផ្សារធំទូលាយ និង គោលនយោបាយលើកទឹកចិត្តពីរាជរដ្ឋាភិបាលកម្ពុជាដែលផ្ដល់ភាពល្អប្រសើរសម្រាប់អ្នកវិនោយោគិនបរទេស។ ជាចុងក្រោយ អ្នកឧកញ៉ា បានជម្រុញ និងលើកទឹកចិត្តឲ្យក្រុមហ៊ុននៅខេត្តជីលីនចាប់ផ្ដើមវិនិយោគនៅប្រទេសកម្ពុជា ដោយវិនិយោគិននឹងទទួលបានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា និងអត្ថប្រយោជន៍ដែលដ៏សម្បូរបែបនៅកម្ពុជា។
Post details 1