ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកម្ពុជា ទៅមជ្ឈមណ្ឌលកណ្ដាលរបស់ក្រុមហ៊ុន INSUD PHARMA
12 Jun, 2024 03:30 AM | 5 months ago
ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកម្ពុជា ទៅមជ្ឈមណ្ឌលកណ្ដាលរបស់ក្រុមហ៊ុន INSUD PHARMA។
(អេស្ប៉ាញ)៖ នាព្រឹកថ្ងៃអង្គារ ៥កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពពាណិជ្ជកម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានអញ្ជើញចូលរួមអម ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អញ្ជើញចុះទៅពិនិត្យមជ្ឈមណ្ឌលកណ្ដាលរបស់ក្រុមហ៊ុន INSUD PHARMA ដែលជាក្រុមហ៊ុនឱសថល្បីល្បាញមួយរបស់អេស្ប៉ាញ និងពិភាក្សាការងារជាមួយក្រុមហ៊ុន ដោយមានការទទួលស្វាគមន៍ពីលោក Lucas Sigman នាយកប្រតិបត្តិក្រុមហ៊ុន INSUD PHARMA។
សូមជម្រាបថា ក្រុមហ៊ុន INSUD PHARMA មានជំនាញក្នុងការស្រាវជ្រាវ ការអភិវឌ្ឍន៍ និងការផលិតថ្នាំដែលមានគុណភាពខ្ពស់ ហើយបច្ចុប្បន្នក្រុមហ៊ុននេះមានប្រតិបត្តិការនៅប្រមាណជាង ៤០ប្រទេសរួចមកហើយ។ INSUD PHARMA មានភាពប៉ិនប្រសព្វខាងផ្នែកជំងឺទូទៅ ជំងឺមហារីក និងបច្ចេកវិទ្យាជីវសាស្រ្ត ដែលជំរុញការច្នៃប្រឌិតដើម្បីកែលម្អសុខភាពអ្នកជំងឺទូទាំងពិភពលោក។
តាមរយៈបទបង្ហាញ និងជំនួបពិភាក្សាការងារបន្ទាប់ពីទស្សនកិច្ចរបស់គណៈប្រតិភូកម្ពុជា ក្រុមហ៊ុន INSUD PHARMA ក៏បានបង្ហើបអំពីគម្រោងដែលក្រុមហ៊ុនគ្រោងនឹងពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតទៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ៕