ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកម្ពុជា ទៅមជ្ឈមណ្ឌលកណ្ដាលរបស់ក្រុមហ៊ុន Acciona Energía ដែលជាក្រុមហ៊ុនធំមួយ មានប្រតិបត្តិការលើការផលិតថាមពលកកើតឡើងវិញ
12 Jun, 2024 11:00 AM | 5 months ago
ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកម្ពុជា ទៅមជ្ឈមណ្ឌលកណ្ដាលរបស់ក្រុមហ៊ុន Acciona Energía ដែលជាក្រុមហ៊ុនធំមួយ មានប្រតិបត្តិការលើការផលិតថាមពលកកើតឡើងវិញ។
(អេស្ប៉ាញ)៖ នាព្រឹកថ្ងៃអង្គារ ៥កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពពាណិជ្ជកម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានអញ្ជើញចូលរួមអម ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទស្សនាមជ្ឈមណ្ឌលកណ្ដាលរបស់ក្រុមហ៊ុន Acciona Energía ដែលជាក្រុមហ៊ុនធំមួយ មានប្រតិបត្តិការលើការផលិតថាមពលកកើតឡើងវិញ។
ក្នុងបទបង្ហាញជូនគណៈប្រតិភូកម្ពុជា ក្រុមហ៊ុន Acciona Energía បានជម្រាបជូនអំពីបេសកកម្មការងារ និងប្រតិបត្តិការវិនិយោគរបស់ខ្លួនក្នុងវិស័យថាមពលកកើតឡើងវិញ ពិសេសឯកទេសក្នុងការអភិវឌ្ឍន៍ និងការគ្រប់គ្រងដំណោះស្រាយថាមពលប្រកបដោយនិរន្តរភាព។ ក្រុមហ៊ុនផលិតថាមពលដ៏ធំមួយនេះ មានបុគ្គលិកប្រមាណជាង ៥៨.០០០នាក់ មកពី ៤០ប្រទេសផ្សេងៗគ្នាបម្រើការងារ។
សូមជម្រាបជូនថា បច្ចុប្បន្ននេះក្រុមហ៊ុន Acciona Energía មានគម្រោងទាញយកអគ្គិសនីដោយថាមពលខ្យល់មួយចំនួននៅក្នុងប្រទេសកម្ពុជា ហើយក្រុមហ៊ុនក៏មានបំណងចង់ពង្រីកការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាបន្ថែមទៀតផងដែរ៕