ជំនួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតហុងគ្រី
31 May, 2024 12:04 PM | 5 months ago
ជំនួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតហុងគ្រី
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ៨រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជានិងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ធីប័រ បល់ឡក (Tibor BALOGHD) ឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាម ក្នុងឱកាសដែលឯកឧត្តមបំពេញទស្សនកិច្ចនៅកម្ពុជា។
អ្នកឧកញ៉ា គិត ម៉េង ស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់ ឯកឧត្តមឯកអគ្គរដ្ឋទូត នៅកម្ពុជានាពេលនេះ និង បានលើកឡើងអំពីទំនាក់ទំនងយូរអង្វែងរបស់ប្រទេសទាំងពីរដែលមានចំណងកាទូតចាប់តាំងពីឆ្នាំ ១៩៥៦ មកម៉្លេះ ហើយប្រទេសទាំងពីរបានផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ទៅវិញទៅមក ។ សម្តេចតេជោ
ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសហុងគ្រី កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ កន្លងទៅ និងចូលរួមកិច្ចប្រជុំកំពូលស្តីពីទឹកនៅទីក្រុងប៊ូដាប៉េស។ ក្នុងឱកាសនោះផងដែរ សភាពាណិជ្ជកម្មកម្ពុជា បានចុះអនុស្សរណៈយោគយល់ជាមួយសភាពាណិជ្ជកម្មនិងឧស្សាហម្មហុងគ្រី។ អ្នកឧកញ៉ាប្រធាន បានគូសបញ្ជាក់អំពីទំនាក់ទំនងដ៏ជិតសិទ្ធរវាងសហគមន៍ធុរកិច្ចប្រទេសទាំងពីរ ដែលបានសហការរៀបចចំវិទិកាធុរកិច្ចរួមគ្នាជាច្រើនលើក និងផ្លាស់ប្តូរព័ត៌មានជំរុញកាលានុវត្តភាពធុរកិច្ចទៅវិញទៅមក។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ទំហំពាណិជ្ជកម្មនិងការវិនិយោគទ្វេភាគីរវាងប្រទេសទាំងពីរនៅមានកម្រិតនៅឡើយ។
អ្នកឧកញ៉ាប្រធាន ស្នើឯកឧត្តមឯកអគ្គរដ្ឋទូត រាយការណ៍ជូនរដ្ឋាភិបាលហុងគ្រី ដើម្បីពិនិត្យលទ្ធភាពបង្កើតការិយាល័យពាណិជ្ជកម្មហុងគ្រីនៅកម្ពុជា ក្នុងគោលបំណងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគកម្ពុជា-ហុងគ្រី។ អ្នកឧកញ៉ាប្រធាន ជម្រាបជូន ឯកឧត្តមឯកអគ្គរដ្ឋទូត ជំរុញរលើកទឹកចិត្ត ធុរជនហុងគ្រី ពិនិត្យលទ្ធភាពសហការលើ វិស័យកសិឧស្សាហកម្ម កម្មន្តសាល កសិកម្ម បច្ចេកវិទ្យាព័ត៌មានវិទ្យា និង ឧស្សាហកម្មពាក់ព័ន្ធនិងបរិស្ថាន និង ទឹក។