សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រធានស្ថាបនិក សភាពាណិជ្ជកម្មត្រកូលលីនពិភពលោក ជួបសម្តែងការគួរសម និងពិភាក្សាការងារ
29 May, 2024 09:59 AM | 5 months ago
សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រធានស្ថាបនិក សភាពាណិជ្ជកម្មត្រកូលលីនពិភពលោក ជួបសម្តែងការគួរសម និងពិភាក្សាការងារ
(រាជធានីភ្នំពេញ) នៅរសៀលថ្ងៃអង្គារ ទី២៨ ខែឧសភា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានចូលរួមអប សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជួបជាមួយ លោក Tan Sri Dato Lim Soon Peng ប្រធានស្ថាបនិក សភាពាណិជ្ជកម្មត្រកូលលីន ពិភពលោក និងគណៈប្រតិភូ នៅវិមានសន្តិភាព។
សភាពាណិជ្ជកម្មត្រកូលលីន ពិភពលោក (WLCC) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2011 នៅប្រទេសសិង្ហបុរី ក្រោមគំនិតផ្តួចផ្តើមរបស់លោក Tan Sri Dato Lim Soon Peng ជាប្រធានស្ថាបនិក ជាមួយសហស្ថាបនិកកិត្តិយស ០៦រូបផ្សេងទៀតដោយក្នុងនោះក៏មានជនជាតិខ្មែរម្នាក់ដែរ ។
(WLCC) មានការិយាល័យនៅ សិង្ហបុរី ម៉ាឡេស៊ី មីយ៉ាន់ម៉ា កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី កម្ពុជា ប៉ាពួញូហ្គីណេ វៀតណាម និងនៅក្នុងតំបន់ជាច្រើននៃប្រទេសចិន រួមមាន ហេណាន ប៉េកាំង ក្វាងទុង ក្វាងស៊ី ហ្វូជៀន ក្វានចូវ, ម៉ាកាវ, ហុងកុង ជាដើម ។
(WLCC) កំពុងមានការអភិវឌ្ឍនៅកម្ពុជា ដែលនឹងក្លាយជាចំណែកមួយ ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកៀរគរធុរជនឱ្យមកវិនិយោគនៅកម្ពុជាកាន់តែច្រើន ។