ជំនួបពិភាក្សាការងារ សភាពាណិជ្ជកម្មកម្ពុជា និងសមាគមសហគ្រិនវីម៉ូនៅកម្ពុជា
28 May, 2024 10:12 AM | 6 months ago
ជំនួបពិភាក្សាការងារ សភាពាណិជ្ជកម្មកម្ពុជា និងសមាគមសហគ្រិនវីម៉ូនៅកម្ពុជា
......................................................
(រាជធានីភ្នំពេញ)៖ នារសៀលថ្ងៃទី ២៧ ឧសភា ឆ្នាំ២០២៤ នៅសភាពាណិជ្ជកម្មកម្ពុជា ឯកឧត្តម បណ្ឌិត តាន់ មុន្នីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ សមាគមសហគ្រិនវីម៉ូនៅកម្ពុជា ដឹកនាំដោយឯកឧត្តម សួន មិ ប្រធានសមាគមសហគ្រិនវីម៉ូនៅកម្ពុជា និងសមាជិក សមាជិកាជាន់ខ្ពស់ចំនួន ១០រូប។ ជំនួបពិភាក្សាការងារខាងលើនេះ មានការអញ្ជើញចូលរួមផងដែរដោយ ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា រួមជាមួយ អគ្គនាយករង ប្រធាននាយកដ្ឋាន និងសហការី នៃសភាពាណិជ្ជកម្មកម្ពុជា ចំនួន០៦រូប។
ជំនួបពិភាក្សាខាងលើ មានរបៀបវារៈសំខាន់ៗចំនួន០៣ (បី) រួមមាន៖
១. ការបទបង្ហាញពី សាវតា និងបេសកកម្ម របស់សមាគមសហគ្រិនវីម៉ូនៅកម្ពុជា
២. កិច្ចសហការរួមគ្នា លើការប្រើប្រាស់ AI ក្នុងធុរកិច្ច
៣. ការបណ្តុះបណ្តាល និងពង្រីកបណ្តាញទំនាក់ទំនង
ឯកឧត្តម សួន មិ ប្រធានសមាគមសហគ្រិនវីម៉ូ បានរៀបរាប់ពីគោលបំណងរបស់សមាគម ក្នុងជំនួបពិភាក្សាខាងលើរួមមាន វឌ្ឍនភាពរបស់សមាគមសហគ្រិនវីម៉ូនៅកម្ពុជា, ការទទួលបានកិច្ចសហការជាមួយសភាពាណិជ្ជកម្ម និង ចក្ខុវិស័យរបស់សមាគមសហគ្រិនវីម៉ូនៅកម្ពុជា។
ជាកិច្ចបន្ទាប់ ឯកឧត្តម បណ្ឌិត តាន់ មុន្នីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានសម្តែងការស្វាគមន៍យ៉ាងរីករាយចំពោះជំនួបពិភាក្សាការងារនេះ និងជំរុញអោយមានការបណ្តុះបណ្តាល ជួយជ្រោមជ្រែងក្នុងការផ្សព្វផ្សាយដល់សមាជិកសភាពាណិជ្ជកម្មកម្ពុជា ដើម្បីស្របតាមការរីកចម្រើនតាមបែបបច្ចេកវិទ្យានាសម័យឧស្សាហកម្ម៤.០។
រូបភាព និងអត្ថបទ៖ នាយកដា្ឋនទំនាក់ទំនងសភាពាណិជ្ជកម្មខេត្ត-ក្រុង