ក្រុមហ៊ុន Orange SA របស់បារាំង បង្ហាញបំណងចង់វិនិយោគលើការអភិវឌ្ឍការតភ្ជាប់ផ្នែកបច្ចេកវិទ្យាកម្ពុជាទៅកាន់បណ្ដាប្រទេសផ្សេងទៀតលើពិភពលោក
15 Jan, 2024 06:14 AM | 10 months ago
(ទីក្រុងប៉ារីស)៖ នាព្រឹកថ្ងៃចន្ទ ៥កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២៤ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និង ជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា អញ្ជើញអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារដោយ លោក Emmanuel Rochas នាយកប្រតិបត្តិ Wholesale International Group និងជាតំណាង Orange Group ។
ក្នុងឱកាសនៃជំនួបនេះ លោកនាយកប្រតិបត្តិ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបអំពីវឌ្ឍនភាពរីកចម្រើន និងសកម្មភាពនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន Orange Group និងបំណងនៃការពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។ លោកនាយកប្រតិបត្តិបានគោរពជម្រាបជូនសម្ដេចធិបតីថា ក្រុមហ៊ុន Orange Group បានចងសម្ព័ន្ធភាពជាមួយក្រុមហ៊ុនក្នុងស្រុក ហើយបច្ចុប្បន្នក្រុមហ៊ុនបាន និងកំពុងព្យាយាមពង្រីកការវិនិយោគបន្ថែមទៀត ដើម្បីពង្រឹងប្រព័ន្ធ 5G ឱ្យមានប្រសិទ្ធភាពខ្ពស់ មានគុណភាពល្អ និងកាត់បន្ថយចំណាយលើការប្រើប្រាស់។ ក្នុងឱកាសនោះដែរ លោកនាយកប្រតិបត្តិ បានគូសបញ្ជាក់ថា ក្រុមហ៊ុនOrange Group ចាប់អារម្មណ៍លើការពង្រីកការវិនិយោគបន្ថែមទៀតលើការតភ្ជាប់ផ្នែកបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ពីកម្ពុជាទៅកាន់បណ្ដាប្រទេសផ្សេងៗទៀត តាមរយៈខ្សែកាបអុបទិកក្រោមបាតសមុទ្រពីកម្ពុជាទៅបណ្តាប្រទេសនានា។
ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ ចំពោះលោក Emmanuel Rochas នាយកប្រតិបត្តិ និងសហការី និងបានបង្ហាញក្តីរីករាយចំពោះបំណងរបស់ក្រុមហ៊ុនក្នុងការបណ្ដាក់ទុនវិនិយោគបន្ថែមទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សម្តេចធិបតី បានស្នើដល់ក្រុមហ៊ុនបន្តពិភាក្សាជាមួយដៃគូសហការ ដែលមានស្រាប់ និងបន្តកិច្ចពិភាក្សាជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងព័ត៌មាន។