កិច្ចពិភាក្សារវាងសភាពាណិជ្ជកម្មកម្ពុជា និង សហព័ន្ធឧស្សាហកម្មនិងពាណិជ្ជកម្មចិនទាំងអស់
24 May, 2024 10:41 AM | 5 months ago
កិច្ចពិភាក្សារវាងសភាពាណិជ្ជកម្មកម្ពុជា និង សហព័ន្ធឧស្សាហកម្មនិងពាណិជ្ជកម្មចិនទាំងអស់
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជានិងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម យ៉ាង យូស៊ីង (Yang Youzing) អនុប្រធានសហព័ន្ធឧស្សាហកម្មនិងពាណិជ្ជកម្មចិនទាំងអស់ (All-China Federation of Industry and Commerce) ក្នុងឱកាសដែល ឯកឧត្តមបំពេញទស្សនកិច្ចនៅកម្ពុជា។
អ្នកឧកញ៉ា គិត ម៉េង ស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូចិនមកកាន់កម្ពុជា ដែលដឹកនាំដោយ ឯកឧត្តម យ៉ាង យូស៊ីង និងបានគូសបញ្ជាក់អំពីទំនាក់ទំនងដ៏ល្អប្រសើររវាងសភាពាណិជ្ជកម្មកម្ពុជា និង សហព័ន្ធឧស្សាហកម្មនិងពាណិជ្ជកម្មចិនទាំងអស់ ដែលបានចុះអនុស្សរណៈយោគយល់គ្នាកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០១៨ កន្លងទៅ។ ហេតុនេះជំនួបពិភាក្សានាពេលនេះ នឹងជួយលើកកម្ពស់កិច្ចសហប្រតិបត្តិរវាងស្ថាប័នទាំងពីរ ក្នុងការជួយជំរុញពាណិជ្ជកម្មនិងវិនិយោគរវាងចិននិងកម្ពុជា។ អ្នកឧកញ៉ាប្រធាន បានលើកឡើងអំពីទំនាក់ទំនងដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ដែលលើកកម្ពស់ដល់កម្រិត ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៅឆ្នាំ២០១០ ហើយថ្មីៗនេះនៅក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋប្រជាមានិតចិន រដ្ឋាភិបាលប្រទេសទាំងពីរបានប្តេជ្ញាសម្រេចឲ្យបាននូវវិបុលភាពរួម និង ផ្តោតជាសំខាន់លើការអភិវឌ្ឍ ក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ លើវិស័យអាទិភាពចំនួន ៦ រួមមាន៖ កិច្ចសហប្រតិបត្តិការនយោបាយ គុណភាពនិងសមត្ថភាពផលិតកម្ម វិស័យកសិកម្ម ថាមពល សន្តិសុខ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន។ អ្នកឧកញ៉ាប្រធាន បានជម្រាបជូន គណៈប្រតិភូចិនអំពីកំណើនសេដ្ឋកិច្ច កាលនុវត្តភាព និង បច្ចុប្បន្នភាពនៃវិស័យសក្តានុពលកម្ពុជា និងបានជំរុញលើកទឹកចិត្តវិនិយោគិនចិន បណ្តាក់ទុនវិនិយោគបន្ថែមទៀតនៅកម្ពុជា ដែលជាទីតាំងដ៏សមស្របបំផុតសម្រាប់ការវិនិយោគ។ កម្ពុជា មានកំណើនសេដ្ឋកិច្ចខ្ពស់ មានស្ថិរភាពនយោបាយ កម្លាំងពលកម្មវ័យក្មេង ថ្លៃដើមមានលក្ខណៈប្រកួតប្រជែង មានទីតាំងភូមិសាស្ត្រជាយុទ្ធសាស្ត្រនៅចំ
កណ្តាលអាស៊ានមានទីផ្សារធំទូលាយនៅទូទាំងពិភពលោក និងមានបរិយាកាសធុរកិច្ចល្អប្រសើរ។