ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងបរិស្ថាន ស្តីពី “យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅតាមគ្រឹះស្ថាន សហគ្រាស”
21 May, 2024 11:18 AM | 6 months ago
ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងបរិស្ថាន ស្តីពី “យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅតាមគ្រឹះស្ថាន សហគ្រាស”
Signing Ceremony of MOU between the Ministry of Labor and Vocational Training and the Ministry of Environment on "Campaign to Reduce Plastic Use in Enterprises"
———
នៅថ្ងៃច័ន្ទ ១៣កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ០៣:០០នាទីរសៀល នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ឧកញ៉ា ណាង សុធី អគ្គលេខាធិការសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា នឹងជាប្រធានសម្របសម្រួលក្រុមការងារទាំង១៦ ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បានអញ្ជើញចូលរួមក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងបរិស្ថាន ស្តីពី “យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅតាមគ្រឹះស្ថាន សហគ្រាស” ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ ពិធីនេះក៏មានការចូលរួមផងដែរពីសំណាក់មន្ត្រីពាក់ព័ន្ធនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, មន្ត្រីពាក់ព័ន្ធនៃក្រសួងបរិស្ថាន, តំណាងសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា,តំណាងសមាគមស្បែកជើងកម្ពុជា, តំណាងសមាគមTAFTAC, ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធជាច្រើនទៀងផងដែរ។
ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះមានគោលបំណងរួមចំណែកក្នុងការធានាបាននូវបរិយាកាសនៅកន្លែងធ្វើការមានលក្ខណៈសមរម្យ បង្កើនប្រសិទ្ធភាព ផលិតភាពការងារ ការរស់នៅស្អាត បរិស្ថានបៃតង និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅតាមសហគ្រាស គ្រឹះស្ថាន តាមរយៈការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដើម្បីឆ្ពោះទៅសម្រេចបាននូវគោលដៅ កន្លែងធ្វើការ គ្មានថង់ប្លាស្ទិក។
ពិធីចុះហត្ថលេខានេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ០៤:៣០នាទីល្ងាច ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected]