ទស្សនកិច្ចតំបន់សេដ្ឋកិច្ចផាំងយូ តិចនូ វាឡី
20 Jan, 2024 05:15 AM | 11 months ago
ទស្សនកិច្ចតំបន់សេដ្ឋកិច្ចផាំងយូ តិចនូ វាឡី
ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ៖ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អ្នកឧកញ៉ា ឡាវ កាង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានដឹកនាំប្រតិភូ សភាពាណិជ្ជកម្មកម្ពុជា ទៅទស្សនកិច្ចតំបន់សេដ្ឋកិច្ចផាំងយូ តិចនូ វាឡីនៅរសៀលថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០២៤។
ទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណង ស្វែងយល់ពីប្រវត្តិសាស្ត្រ ក្នុងការបង្កើតតំបន់សេដ្ឋកិច្ច កត្តាជោគជ័យ ហេដ្ឋារចនាសម្ព័ន្ធ ដែលគាំទ្រដល់អាជីវកម្មដែលទើបតែបង្កើតថ្មី ព្រមទាំងគម្រោងគាំទ្រជាច្រើន ដើម្បីជួយឲ្យក្រុមហ៊ុមទាំងនោះ អាចបង្កើតចំណូល និងនាំចេញផលិតផល និងសេវាកម្ម ទៅកាន់ទីផ្សារពិភពលោក។
ផាំងយូ តិចនូ វាឡី គឺជាតំបន់សេដ្ឋកិច្ចដែលនាំមុខក្នុងការគាំទ្រ និងជម្រុញដល់ការសិក្សា និង ស្រាវជ្រាវ បច្ចេកវិទ្យាព័ត៌មាន បច្ចេកវិទ្យាជីវសាស្ត្រ បច្ចេកវិទ្យា cloud បច្ចេកវិទ្យា AI និង បច្ចេកវិទ្យាវិស័យយោធា បច្ចេកវិទ្យាណានូ និង ហ្គេម ដែលស្ថិតនៅលើផ្ទៃដី ២១០ ហិចតា និង មានវត្តមានក្រុមហ៊ុមហ៊ុនធំៗ ដែលមានមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ ដូចជា សាមសុង ហីយុនដាយ ជាដើម និងក្រុមហ៊ុនទើបបង្កើតថ្មី ចំនួន ១៦២២ ក្រុមហ៊ុន។