ក្រុមហ៊ុនផលិតកម្មកម្សាន្តឈានមុខមួយនៅលើពិភពលោករបស់កូរ៉េ កំពុងស្វែងរកឱកាសរពង្រីកការវិនិយោគ និងប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជា
20 May, 2024 11:04 AM | 7 months ago
ទីក្រុងសេអ៊ូល៖ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និង ជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន អញ្ជើញអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារដោយ លោក ប៉ាក សុងជីន (PARK Sungjin) តំណាងក្រុមហ៊ុន SM Entertainment និងសហការី។
ក្នុងឱកាសនៃជំនួប លោកប៉ាក សុងជីន បានសម្ដែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការីបានចូលជួបសម្ដែងការគួរសម ព្រមទាំងបានគោរពជម្រាបជូនសម្តេចធិបតីអំពីវឌ្ឍនភាពអាជីវកម្មរបស់ក្រុមហ៊ុន ដែលផ្ដោតលើការរៀបចំព្រឹត្តិការណ៍ផ្សេងៗដូចជា ការប្រគុំតន្ត្រី និងការសម្តែងសិល្បៈ ហើយបច្ចុប្បន្ននេះ ក្រុមហ៊ុនក៏កំពុងតែមានកិច្ចសហការ និងការធ្វើអាជីវកម្មនៅតាមបណ្ដាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ាន។ លោកប៉ាក សុងជីន បានបន្ថែមថា ក្រុមហ៊ុនកំពុងស្វែងរកឱកាសពង្រីកការវិនិយោគ និងប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅតាមបណ្ដាប្រទេសអាស៊ានបន្ថែមទៀត ដែលរួមមាន កម្ពុជា ជាដើម។
ជាការឆ្លើយតប សម្តេចធិបតី បានសម្ដែងនូវការរីករាយដែលបានជួបពិភាក្សាការងារជាមួយលោកប៉ាក សុងជីន និងចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសធ្វើអាជីវកម្ម ក៏ដូចជាការវិនិយោគលើវិស័យសិល្បៈកម្សាន្ត នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយសម្ដេចបានបញ្ជាក់ថា បច្ចុប្បន្ននេះ ខ្សែភាពយន្តកូរ៉េ (K-Drama) និង តន្រ្តី K-Pop កំពុងតែពេញនិយមនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅក្នុងស្រទាប់យុវវ័យ។ សម្តេចធិបតី ក៏បានគូសបញ្ជាក់ផងដែរថា ការធ្វើអាជីវកម្ម ឬការរៀបចំព្រឹត្តិការណ៍ផ្សេងៗដូចជាការប្រគុំតន្ត្រីជាដើមនេះ គឺជាការរួមចំណែកនៅក្នុងការលើកកម្ពស់ការផ្លាស់ប្ដូរវប្បធម៌ ក៏ដូចជាការទាក់ទាញទេសចរណ៍ នៃប្រទេសទាំងពីរផងដែរ។
មុននឹងបញ្ចប់ សម្តេចធិបតីក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនសហការជាមួយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏ដូចជាក្រសួងទេសចរណ៍កម្ពុជា ដើម្បីសិក្សាអំពីឱកាស និងសក្ដានុពលវិនិយោគលើវិស័យនេះកម្ពុជា ៕