សម្តេចធិបតី ហ៊ុន ម៉ាណែត បានសាទរចំពោះក្រុមហ៊ុន Puy Du Fou ក្នុងការបង្កើតគម្រោង “Immersive Angkor” ដែលជាសារមន្ទីរនិម្មិតបច្ចេកវិទ្យា 3D ដំបូងគេបង្អស់នៅកម្ពុជា
15 Jan, 2024 12:00 PM | 11 months ago
(ទីក្រុងប៉ារីស)៖ នាព្រឹកថ្ងៃចន្ទ ៥កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២៤ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និង ជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា អញ្ជើញអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារដោយ លោក Geoffrey LADET នាយកប្រតិបត្តិក្រុមហ៊ុន Puy Du Fou Asia ។
ក្នុងឱកាសនៃជំនួបនេះ លោកនាយកប្រតិបត្តិក្រុមហ៊ុន បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបអំពីវឌ្ឍនភាពរីកចម្រើននៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន Puy Du Fou Asia នៅក្នុងប្រទេសកម្ពុជា និងជម្រាបអំពីគម្រោង “Immersive Angkor” ដែលជាគម្រោងប្រកបដោយលក្ខណៈវិទ្យាសាស្រ្ត ដោយប្រើប្រាស់ប្រព័ន្ធ 3D Data Scanning សម្រាប់បង្ហាញ និងផ្តល់ចំណេះដឹងអំពីវប្បធម៌នៅកម្ពុជា ។ គម្រោង “Immersive Angkor” គឺជាសេវាបំពេញបន្ថែមលើវិស័យទេសចរណ៍ ក្រៅពីការទស្សនាប្រាង្គប្រាសាទបុរាណ និងតំបន់វប្បធម៌នានានៅកម្ពុជា ហើយគម្រោងនេះគ្រោងនឹងចាប់ផ្ដើមនាពេលឆាប់ៗខាងមុខនេះ។
ជាការឆ្លើយតប សម្តេចធិបតី បានបង្ហាញនូវការគាំទ្រ ព្រមទាំងបានគូសបញ្ជាក់ថា “Immersive Angkor”នេះ ជាគម្រោងដ៏ល្អប្រសើរ ដែលនឹងជួយពង្រីកការយល់ដឹងដល់យុវជនកម្ពុជា ជាពិសេសយុវជនជំនាន់ក្រោយ ឱ្យយល់ច្បាស់បន្ថែមទៀតអំពីវប្បធម៌ និងអរិយធម៌ខ្មែរ ដោយប្រើពេលវេលាខ្លី និង អាចផ្តល់នូវភាពងាយស្រួល សម្រាប់មជ្ឈដ្ឋានទូទៅ ក្នុងការស្វែងយល់អំពីវប្បធម៌ និងអរិយធម៌ ខ្មែរ ផងដែរ ៕