ក្រុមហ៊ុន ACCOR Group មានសុទិដ្ឋិនិយម ថាវិស័យទេសចរណ៍នៅកម្ពុជា ឆ្នាំ២០២៤នេះ នឹងរីកចម្រើន និងមានភាពល្អប្រសើរ
15 Jan, 2024 06:03 AM | 11 months ago
(ទីក្រុងប៉ារីស)៖ នាព្រឹកថ្ងៃចន្ទ ៥កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២៤ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និង ជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា អញ្ជើញអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារដោយ លោកស្រី Maud BAILLY នាយិកាប្រតិបត្តិ Sofitel, MGallery និង Emblems តំណាងឱ្យ ACCOR Group ។
ក្នុងឱកាសនៃជំនួបនេះ លោកស្រី Maud BAILLY បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកស្រី និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបអំពីវឌ្ឍនភាពរីកចម្រើននៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន ACCOR Group នៅក្នុងប្រទេសកម្ពុជា។ នៅក្នុងជំនួបនេះផងដែរ លោកស្រី Maud BAILY បានជម្រាបអំពីស្ថានភាពកាន់តែល្អប្រសើរនិងដំណើរវិវឌ្ឍន៍នៃវិស័យទេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជា និងមានសុទិដ្ឋិនិយម ថាវិស័យទេសចរណ៍នៅកម្ពុជា ឆ្នាំ២០២៤នេះ នឹងរីកចម្រើន និងមានភាពល្អប្រសើរ។ លោកស្រី បានបន្ថែមថាក្រុមហ៊ុន ACCOR Group បាននិងកំពុងវិនិយោគក្នុងវិស័យសណ្ឋាគារ ដែលមានសណ្ឋាគារបែបទំនើប និងមធ្យម និងបែប Boutique Hotel ផ្សេងៗទៀត ដែលជាការលើកស្ទួយរូបភាពនិងកិត្យានុភាពនៃប្រទេសកម្ពុជា។ លោកស្រី បានលើកឡើងថា តាមរយៈសណ្ឋាគារសូហ្វីតែល ដែលមានប្រតិបត្តិការអាជីវកម្មនៅជុំវិញពិភពលោក បានចូលរួមផ្សព្វផ្សាយនូវវប្បធម៌ និងភាពល្អឥតខ្ចោះនៃតំបន់រមណីយដ្ឋានអង្គរ ដើម្បីជំរុញឱ្យអ្នកទេសចរណ៍ មកទស្សនាខេត្តសៀមរាប នៅឆ្នាំ២០២៤ ឱ្យកាន់តែច្រើនថែមទៀត។
ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ និងរីករាយដែលបានជួបពិភាក្សាការងារជាមួយលោកស្រី Maud BAILLY ព្រមទាំងសហការី និងបានអរគុណចំពោះ ការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជានាពេលកន្លងមក។ សម្តេចធិបតី បានគូសបញ្ចាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញកម្មវិធីពិសេស «ទស្សនាសៀមរាបឆ្នាំ២០២៤» ដែលនឹងជួយលើកស្ទួយវិស័យទេសចរណ៍ឱ្យមានសន្ទុះឡើងវិញ និងវិវត្តទៅរកស្ថានភាពមុនវិបត្តិកូវីដ-១៩ និងបានបង្កើតការងារដល់ប្រជាពលរដ្ឋ និងជាការចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ។ ក្នុងជំនួបនេះដែរ សម្ដេចបានលើកទឹកចិត្តដល់ក្រុមហ៊ុន ACCOR Group ពង្រីកការវិនិយោគបន្ថែមទៅលើវិស័យសណ្ឋាគារ និងវិស័យផ្សេងៗទៀត ក្នុងពេលដែលស្ថានភាពនៃវិស័យទេសចរណ៍បន្តងើបឡើងវិញ។