គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាចូលរួមសិក្ខាសាលាស្តីពីការវិនិយោគនៅកម្ពុជា ដើម្បីផ្សព្វផ្សាយអំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជាទៅកាន់សហគ្រាសរបស់ជប៉ុន

10 May, 2024 09:32 AM | 6 months ago

គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាចូលរួមសិក្ខាសាលាស្តីពីការវិនិយោគនៅកម្ពុជា ដើម្បីផ្សព្វផ្សាយអំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជាទៅកាន់សហគ្រាសរបស់ជប៉ុន
 
 
 
 
 
 
 
គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាចូលរួមសិក្ខាសាលាស្តីពីការវិនិយោគនៅកម្ពុជា ដើម្បីផ្សព្វផ្សាយអំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជាទៅកាន់សហគ្រាសរបស់ជប៉ុន
ទីក្រុងតូក្យូ, ជប៉ុន៖ កាលពីព្រឹកថ្ងៃពុធ ទី៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញចូលរួមសិក្ខាសាលាស្តីពីការវិនិយោគនៅកម្ពុជា នៅសាលមហោស្រពនៃសកលវិទ្យាល័យអង្គការសហប្រជាជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងគោលបំណងផ្សព្វផ្សាយអំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជាទៅកាន់សហគ្រាសរបស់ជប៉ុន។ ពិធីនាព្រឹកនេះមានការអញ្ជើញចូលរួមពីសំណាក់តំណាងស្ថានតំណាងបរទេសប្រចាំប្រទេសជប៉ុន ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មនៃប្រទេសជប៉ុន សម្ព័ន្ធសភាមិត្តភាពកម្ពុជា-ជប៉ុន សមាគមជប៉ុន-កម្ពុជា និងវិស័យឯកជនសរុបប្រមាណ ១៥០រូប។
មានមតិក្នុងសុន្ទរកថាគន្លឹះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសម្តែងនូវសេចក្តីសោមនស្សរីករាយក្រៃលែងដែលបានចូលរួមក្នុងសិក្ខាសាលាដ៏មានសារៈសំខាន់នាឱកាសនេះ។ ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានរំលេចអំពីសក្តានុពលវិជ្ជមានរបស់ព្រះរាជាណាចក្រកម្ពុជាមានជាអាទិ៍ ស្ថិរភាពនយោបាយ, ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចដែលមានលំនឹងវិជ្ជមាន, កម្លាំងពលកម្មវ័យក្មេងប្រកបដោយថាមវន្ត, រាជរដ្ឋាភិបាលដែលមានទំនោរគាំទ្រដល់ការរីកលូតលាស់នៃធុរកិច្ច, របបវិនិយោគដែលមានភាពទាក់ទាញ និងអនុគ្រោះ និងហេដ្ឋារចនាសម្ព័ន្ធអន្តរមធ្យោបាយដែលបាន និងកំពុងអភិវឌ្ឍឱ្យកាន់តែមានភាពតភ្ជាប់ និងប្រទាក់ក្រឡា។ ជាកិច្ចបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបង្ហាញនូវសុទិដ្ឋិនិយមយ៉ាងមុតមាំថាវិនិយោគិន និងធុរជនដែលបានអញ្ជើញចូលរួមនាពេលនេះនឹងអញ្ជើញមកសិក្សាស្វែងយល់ដោយផ្ទាល់នៅកម្ពុជា ក៏ដូចជាពាំនាំនូវបច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគនៅកម្ពុជាទៅកាន់សហគមន៍ធុរកិច្ចជប៉ុនឱ្យកាន់តែទូលំទូលាយបន្ថែមមួយកម្រិតទៀត។
ជាកិច្ចបន្ត វាគ្មិនមកពីវិស័យឯកជនក៏បានចូលរួមវេទិកាពិភាក្សា ស្តីពីសក្តានុពលវិនិយោគលើវិស័យថ្មីៗនៅកម្ពុជាដោយបានគូសបញ្ជាក់អំពីភាពងាយស្រួលក្នុងការប្រកបអាជីវកម្មនៅកម្ពុជា ពិពិធភាពនៃសកម្មភាពវិនិយោគដែលពោរពេញដោយឱកាស និងការគាំទ្រផ្នែកគោលនយោបាយប្រកបដោយបុរេសកម្មពីសំណាក់រាជរដ្ឋាភិបាលលើអនុវិស័យថាមពលកកើតឡើងវិញ ខ្សែច្រវាក់ផលិតកម្មបៃតង និងសេដ្ឋកិច្ចឌីជីថលដែលកំពុងតែដើរស្របនឹងនិន្នាការតំបន់ និងសកល។
Post details 1