ជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងសភាពាណិជ្ជកម្មកម្ពុជា និង Hong Kong Trade Development Council
10 May, 2024 09:22 AM | 6 months ago
ជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងសភាពាណិជ្ជកម្មកម្ពុជា និង Hong Kong Trade Development Council
(រាជធានីភ្នំពេញ) នារសៀលថ្ងៃទី ០៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូមកពី Hong Kong Trade Development Council ដឹកនាំដោយលោកស្រី Tina Phan នាយក Hong Kong Trade Development Council ប្រចាំតំបន់ Indochina ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
ឯកឧត្តមឧកញ៉ាអគ្គនាយកបានថ្លែងស្វាគមន៍ដល់គណៈប្រតិភូដែលបានអញ្ជើញមកសម្ដែងការគួរសម និងពិភាក្សាការងារនាថ្ងៃនេះ។
លោកស្រីនាយកបានថ្លែងអំណរគុណដល់ឯកឧត្តមឧកញ៉ាអគ្គនាយកដែលបានចំណាយពេលវេលាដ៏មានតម្លៃដើម្បីជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី និងគណៈប្រតិភូអមដំណើរ។ លោកស្រីនាយកបានលើកឡើងថាលោកស្រីគ្រោងនឹងរៀបចំកម្មវិធីទាក់ទិនទៅនឹងវិស័យពាណិជ្ជកម្មនាពេលដ៏ខ្លីខាងមុខនេះ។ លោកស្រីនាយកបានស្នើសុំឯកឧត្តមឧកញ៉ាអគ្គនាយកជួយគាំទ្រដល់កម្មវិធីនាពេលខាងមុខ និងស្នើដល់ឯកឧត្តមអគ្គនាយកជួយអញ្ជើញវិស័យឯកជនដើម្បីចូលរួមក្នុងកម្មវិធីនេះឲ្យបានផុសៗផងដែរ។ លើសពីនេះទៅទៀតលោកស្រីក៏បានជម្រាបជូនឯកឧត្តមឧកញ៉ាអគ្គនាយកថាលោកស្រីចង់រៀបចំកម្មវិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់រវាងស្ថាប័នលោកស្រីនាយកនិងសភាពាណិជ្ជកម្មកម្ពុជាផងដែរ។
ឯកឧត្តមឧកញ៉ាអគ្គនាយកឆ្លើយតបថាឯកឧត្តមឧកញ៉ារីករាយសហការអញ្ជើញ សមាជិក-សមាជិកា សភាពាណិជ្ជកម្មកម្ពុជាតំណាងអោយវិស័យឯកជនចូលរួមកម្មវិធីរបស់លោកស្រីនាយក និងធ្វើការជាមួយលោកស្រីនាយកបន្តទៀតលើការចុះអនុស្សារណៈយោគយល់ផងដែរ។
កម្មវិធីនោះផងដែរលោកស្រីនាយកបានជម្រាបជូនថាកម្មវិធីនាពេលខាងមុខនេះគ្រោងនឹងអញ្ជើញវិស័យរាជរដ្ឋាភិបាលនិងវិស័យឯកជនផងដែរ។
កិច្ចប្រជុំនេះត្រូវបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែលប្រកបដោយលទ្ធផលជាទីគាប់ចិត្តនិងយ៉ាងស្និទ្ធស្នាល។