គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាចូលរួមជំនួបពិភាក្សាការងាររវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន (AJC)
09 May, 2024 11:02 AM | 6 months ago
គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាចូលរួមជំនួបពិភាក្សាការងាររវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន (AJC)
ទីក្រុងតូក្យូ, ជប៉ុន៖ នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចូលរួមជំនួបពិភាក្សាការងារជាមួយ លោក Kunihiko Hirabayashi អគ្គលេខាធិការ AJC ក្នុងគោលបំណងផ្លាស់ប្តូរធាតុចូលស្តីពីកិច្ចសហប្រតិបត្តិការចំពោះមុខរវាង ក.អ.ក. និង AJC។
មានមតិក្នុងជំនួបខាងលើ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណជូនចំពោះសមភាគីដែលជានិច្ចកាលតែងតែផ្តល់ការគាំទ្រជូនចំពោះ ក.អ.ក. ក្នុងការរៀបចំគម្រោងសហប្រតិបត្តិការ ក៏ដូចជាសកម្មភាពជំរុញ និងទាក់ទាញវិនិយោគនានា សំដៅចូលរួមចំណែកលើកកម្ពស់រំហូរវិនិយោគជប៉ុនទៅកាន់ព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនភាគីមិត្តអំពីបច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគនៅកម្ពុជាដែលមានភាពបើកចំហ ទាក់ទាញ និងងាយស្រួលសម្រាប់ការបណ្តាក់ទុនវិនិយោគលើគ្រប់វិស័យ។ លើសពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំតម្រង់ទិសប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីក្នុងការបន្តរក្សានូវស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយគាំទ្រផ្សេងៗ សំដៅប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ជាចុងក្រោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានឆ្លៀតឱកាសនៃជំនួបដ៏ប្រពៃខាងលើដើម្បីបង្ហាញ និងពន្យល់អំពីលក្ខខណ្ឌច្បាប់ ការសិក្សាបច្ចេកទេស ព្រមទាំងការវាយតម្លៃហេតុប៉ះពាល់បរិស្ថាននៃគម្រោងព្រែកជីកហ្វូណនតេជោដែលជាគម្រោងប្រវត្តិសាស្ត្ររបស់កម្ពុជាផងដែរ។
ជាការឆ្លើយតប លោកអគ្គលេខាធិការបានស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូកម្ពុជាដែលបានជ្រើសយកប្រទេសជប៉ុនជាគោលដៅនៃបេសកកម្មដ៏ឧត្តុង្គឧត្តមនាពេលនេះ ហើយលោកអគ្គលេខាធិការបានបង្ហាញនូវជំនឿចិត្តយ៉ាងមុតមាំថារាជរដ្ឋាភិបាលនីតិកាលទី៧ នឹងទាក់ទាញបាននូវគម្រោងវិនិយោគមកពីគ្រប់ទិសទីឱ្យកាន់តែមានកំណើនជាលំដាប់។ បន្ថែមពីនេះ លោកអគ្គលេខាធិការក៏បានបង្ហាញនូវការគាំទ្រជាវិជ្ជមានជូនចំពោះ ក.អ.ក. សម្រាប់កិច្ចសហប្រតិបត្តិការនានានៅពេលអនាគត។