ជំនួបសម្តែងការគួរសមដោយថ្នាក់ដឹកនាំក្រុមហ៊ុន VINCI
20 Jan, 2024 12:00 PM | 11 months ago
(ទីក្រុងប៉ារីស)៖ នាព្រឹកថ្ងៃចន្ទ ៥កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២៤ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និង ជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា អញ្ជើញអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារដោយ លោក Nicolas Notebaert ប្រធានក្រុមហ៊ុន VINCI Airports និងជា សមាជិកនៃគណៈកម្មាធិការប្រតិបត្តិរបស់ VINCI Group ។
ក្នុងឱកាសនៃជំនួបនេះ លោក Nicolas Notebaert បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបអំពីវឌ្ឍនភាពរីកចម្រើននៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន VINCI និងអំពីគម្រោងនៃការពង្រីកវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា ។ នៅក្នុងជំនួបនេះផងដែរ លោកអគ្គនាយក ក៏ដូចជាថ្នាក់ដឹកនាំក្រុមហ៊ុន VINCI ទាំងអស់ បានសម្តែងនូវក្ដីរីករាយចំពោះ សុខសន្ដិភាព និងស្ថិរភាពនយោបាយនៅកម្ពុជាដែលជាលក្ខខណ្ឌអំណោយផលដ៏សំខាន់ដល់ការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កលក្ខណៈគ្រប់បែបយ៉ាងចំពោះដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនឱ្យដំណើរការដោយរលូននៅកម្ពុជា ។
ជាការឆ្លើយតប សម្តេចធិបតី បានសម្ដែងនូវក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយលោក Nicolas Notebaert ព្រមទាំងសហការី និងបានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដែលបានបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ជាពិសេសលើវិស័យអាកាសចរណ៍ស៊ីវិលជាង៣០ឆ្នាំ កន្លងមកនេះ។ សម្ដេចធិបតី ក៏បានស្វាគមន៍ចំពោះការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា និងបានលើកទឹកចិត្តដល់ក្រុមហ៊ុនពង្រីកការវិនិយោគលើវិស័យសំខាន់ៗផ្សេងទៀតនៅកម្ពុជា ដើម្បីជាការរួមចំណែកដល់ការលើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។