សភាពាណិជ្ជកម្មកម្ពុជា បានចងក្រងសម្ព័ន្ធមេត្រីភាពជាមួយកងទ័ព នៃកងពលតូចអន្តរាគមន៍លេខ៨ ខេត្តព្រះវិហារ ដើម្បីឱ្យដឹងអំពីសុខទុក្ខគ្នាទៅវិញទៅមក

02 May, 2024 | 3 weeks ago | 39

សភាពាណិជ្ជកម្មកម្ពុជា បានចងក្រងសម្ព័ន្ធមេត្រីភាពជាមួយកងទ័ព នៃកងពលតូចអន្តរាគមន៍លេខ៨ ខេត្តព្រះវិហារ ដើម្បីឱ្យដឹងអំពីសុខទុក្ខគ្នាទៅវិញទៅមក
សភាពាណិជ្ជកម្មកម្ពុជា បានចងក្រងសម្ព័ន្ធមេត្រីភាពជាមួយកងទ័ព នៃកងពលតូចអន្តរាគមន៍លេខ៨ ខេត្តព្រះវិហារ ដើម្បីឱ្យដឹងអំពីសុខទុក្ខគ្នាទៅវិញទៅមក
ព្រះវិហារ៖ យោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ៤៨ សសរ ចុះថ្ងៃទិ៦ ខែកក្កដា ឆ្នាំ២០២៣ ស្តីពី ការកែសម្រួល និងរៀបចំការចងក្រងសម្ព័ន្ធមេត្រីភាព រវាងអង្គភាពកងទ័ព នៃកងពលតូចអន្តរាគមន៍លេខ៨ ជាមួយសភាពាណិជ្ជកម្មកម្ពុជា ក្នុងនោះអង្គភាពទាំងពីរ បានព្រមព្រៀងគ្នាធ្វើការផ្តល់ព័ត៌មានឱ្យគ្នាទៅវិញទៅមក ដើម្បីឱ្យដឹងអំពីសុខទុក្ខគ្នាសំដៅបង្កើននូវការយោគយល់គ្នា រវាងស្ថាប័នទាំងពីរ។
ក្នុងពិធីសារស្តីពីការចងសម្ព័ន្ធភាព ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក និងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា រួមទាំង អនុប្រធាន សមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មមណ្ឌលខេត្ត កំពង់ធំ-ព្រះវិហារ បានចូលរួមផងដែរ នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ ខេត្តព្រះវិហារ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក បានថ្លែងថា ការងារចងសម្ព័ន្ធមេត្រីភាពនេះ បានបង្ហាញពីសិល្បៈ នៃវប្បធម៌ចែករំលែកពីគ្រប់មជ្ឈដ្ឋាន ជាពិសេសអង្គភាពស្ថាប័នស៊ីវិល និងក្រុមហ៊ុនឯកជន នៅសមរភូមិក្រោយ ដើម្បីគាំទ្រលើកទឹកចិត្តទាំងសម្ភារ និងកម្លាំងកាយចិត្ត ដល់កងទ័ពជួរមុខ ដែលបានលះបង់ពលី និងបូជាសព្វសារពើ ការពារបូរណភាពដែនដី ជាតិមាតុភូមិរបស់យើង។ ការគាំទ្រដល់កងទ័ពជួរមុខពីសំណាក់អ្នកខាងក្រោយ គឺមិនអាចកាត់ផ្តាច់ពីគ្នាបានទេ។ នេះហើយជាការពង្រឹងស្មារតីសាមគ្គីភាព ជាពិសេសស្នេហាជាតិ ចូលរួមជាមួយរាជរដ្ឋាភិបាល កសាងពង្រឹងលើខឿនការពារជាតិ និងការអភិវឌ្ឍកងយោធពលខេមរភូមិន្ទ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានសង្កត់ធ្ងន់ថា ដោយសារកត្តាសុខសន្តិភាព និងស្ថិរភាពតាមបណ្តោយព្រំដែន បានផ្តល់ឱកាសឱ្យយើងទាំងអស់ចូលរួមអភិវឌ្ឍលើគ្រប់វិស័យ ជំរុញកំណើនសេដ្ឋកិច្ច និងលើកស្ទួយជីវភាពប្រជាជន។ ជាមួយគ្នានេះ ឯកឧត្តមបានថ្លែងអំណរគុណដល់ អ្នកឧកញ៉ា គិត ម៉េង ដែលបានឧបត្ថម្ភរថយន្តស៊ីរ៉ែនចំនួន ៣គ្រឿង ជូនដល់រដ្ឋបាលខេត្តព្រះវិហារ និងបានដឹកនាំប្រតិភូសភាពាណិជ្ជកម្មរាជធានីភ្នំពេញ ចូលរួមជួយគាំទ្រដល់កងទ័ពជួរមុខ ទាំងស្មារតី និងសម្ភារ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានលើកឡើងយ៉ាងដូច្នេះថា៖ “យើងនឹងបន្តចាប់ដៃគ្នា កៀកស្មាគ្នា បន្តចូលរួមគាំទ្រជាបន្តបន្ទាប់ទៀត ដើម្បីថែរក្សាការពារសុខសន្តិភាព ស្ថិរភាពសង្គម បូរណភាពទឹកដី ចូលរួមអភិវឌ្ឍប្រកបដោយចីរភាព”។
ក្នុងឱកាសនោះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា មានប្រសាសន៍ថា អាស្រ័យដោយស្ថានភាពជាក់ស្តែង អង្គភាពទាំងពីរ អាចពិនិត្យលទ្ធភាពក្នុងការដោះដូរប្រតិភូគ្នាទៅវិញទៅមកក្នុងរយៈពេល ៦ខែម្តង ដែលប្រតិភូនេះ ត្រូវជ្រើសរើសយកជនឆ្នើម ឬថ្នាក់ដឹកនាំនៃអង្គភាព។ ក្រៅពីនេះ ជួយឧបត្ថម្ភគ្នាទៅវិញទៅមក ជាមធ្យោបាយ ឬជាសម្ភារ តាមលទ្ធភាពជាក់ស្តែង ដែលអាចធ្វើទៅបាន ដើម្បីជួយសម្រាលការលំបាករបស់ដៃគូសម្ព័ន្ធមេត្រីភាពដោយឈរលើស្មារតីជួយគ្នាក្នុងគ្រាលំបាក។
ចំពោះការចាត់តាំងអនុវត្តដើម្បីអនុវត្តខ្លឹមសារចងសម្ព័ន្ធមេត្រីភាពខាងលើឱ្យមានប្រសិទ្ធភាព អង្គភាពទាំងពីរ បានឯកភាពចាត់តាំងក្រុមការងាររៀងៗខ្លួន ដើម្បីទំនាក់ទំនងជាប្រចាំ។ ក្រុមការងារនេះ មានភារកិច្ចទំនាក់ទំនងគ្នាពិគ្រោះយោល់គ្នា សហការគ្នា ចាត់ចែងរាល់ពិធីទៅតាមការចាំបាច់ ព្រមទាំងតាមដាន និងរាយការណ៍ជូនថ្នាក់ដឹកនាំរបស់អង្គភាពរៀងៗខ្លួន អំពីលទ្ធផលការងារ។
ដើម្បីជាចំណងក្នុងការចងក្រងសម្ព័ន្ធមេត្រីភាពជាមួយកងទ័ពនៅពេលនេះ ក្នុងនាមសភាពាណិជ្ជកម្មកម្ពុជា ក៏ដូចជាអ្នកឧកញ៉ា គិត ម៉េង បានឧបត្ថម្ភរថយន្តសារ៉ែន ជូនដល់អភិបាលខេត្តព្រះវិហារចំនួន ៣គ្រឿង។ ដោយឡែក សម្រាប់ការចំណាយលើសំណើរបស់កងពលតូចអន្តរាគមន៍លេខ៨ អ្នកឧកញ៉ា គិត ម៉េង បានឧបត្ថម្ភ ប្រេងម៉ាស៊ូតចំនួន ២៥០០០លីត្រ (១លីត្រ=៤២៥០៛) តម្លៃសរុបប្រហែល ១០៦ ២៥០ ០០០៛ (ប្រហាក់ប្រហែល ២៦០០០$), អាងស្តុកទឹកចំនួន ២៨អាង (២៨អាង គុណនឹង ១២៥០$=៣៥០០០$), សូឡា និងអាគុយ ចំនួន ១១ឈុត (១១ឈុត គុណនឹង ៨០០$=៨៨០០$ បូកបញ្ជូលទាំងថ្លៃដឹកជញ្ជូន សរុប ៨៩៨០$), វិទ្យុទាក់ទងចំនួន ១៥០គ្រឿង (១៥០ គុណនឹង ៤៣$=៦៤៥០$)។ សរុបជាទឹកប្រាក់ចំនួន ៧៦ ៤៣០$ ៕