“ខួប៣០ឆ្នាំ នៃការបង្កើតសមាគមធនាគារនៅកម្ពុជា” ក្រោមប្រធានបទ "៣០ឆ្នាំ នៃការរីកចម្រើន ៣០ឆ្នាំ នៃមិត្តភាព” របស់ សមាគមធនាគារនៅកម្ពុជា

10 Apr, 2024 | 2 weeks ago | 20

“ខួប៣០ឆ្នាំ នៃការបង្កើតសមាគមធនាគារនៅកម្ពុជា” ក្រោមប្រធានបទ "៣០ឆ្នាំ នៃការរីកចម្រើន ៣០ឆ្នាំ នៃមិត្តភាព” របស់ សមាគមធនាគារនៅកម្ពុជា
ថ្ងៃពុធ ២កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៩:៣០នាទីព្រឹក ស្ថិតនៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា។
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង១៦ ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បានដឹកនាំសហប្រធាន និងអនុសហប្រធាននៃក្រុមការងារទាំង១៦ ផ្នែកឯកជន នឹងអនុប្រធានសភាពាណិជ្ជកមកម្ពុជាមួយចំនួនចូលរួមកម្មវិធី “ខួបទី ៣០ឆ្នាំ ការបង្កើតសមាគម ធនាគារនៅកម្ពុជា” ក្រោមប្រធានបទ "៣០ឆ្នាំ នៃការរីកចម្រើន ៣០ឆ្នាំ នៃមិត្តភាព” ក្រោមអធិបតីភាព លោកជំទាវ បណ្ឌិត ជា សិរី អគ្គទេសាភិបាល ធនាគារជាតិ នៃកម្ពុជា និង លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា ក្នុងអាណត្តិថ្មី និងវត្តមានថ្នាក់ដឹកនាំសំខាន់ៗ របស់សមាគម និងធនាគារជាតិកម្ពុជា ជាពិសេស តំណាងចូលរួមពីក្រសួង-ស្ថាប័នរដ្ឋាភិបាល និងម្ចាស់ ឬតំណាង ពីធនាគារឯកជន ជាតិ-អន្តរជាតិ ដែលកំពុងធ្វើប្រតិបត្តិការនៅព្រះរាជាណាចក្រកម្ពុជា។
គោលបំណងនៃការរៀបចំកម្មវិធីនេះ គឺ ដើម្បីអបអរសាទរចំពោះ វឌ្ឍនភាពរបស់សមាគម ក៏ដូចជាការកសាងទំនាក់ទំនងជិតស្និទ្ធជាមួយសមាជិក និងការ ពង្រឹងការផ្សារភ្ជាប់ជាមួយដៃគូពាក់ព័ន្ធក្នុងស្មារតីជា “សហគមន៍មួយ” ។ ជាពិសេស បានបង្ហាញពីលទ្ធផលជោគជ័យទទួលបានក្នុងឆ្នាំនៃអាណត្តិដឹកនាំរបស់អតីតប្រធានសមាគមនាពេលកន្លងទៅ នឹងបង្ហាញពីទិសដៅរបស់សមាគមនាពេលខាងមុខផងដែរ។ សមាគមនេះត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៤ ហើយមកដល់ឆ្នាំ២០២៤ នេះ សមាគមមានសមាជិក ៦០ ជាធនាគារពាណិជ្ជ, ៩ ជាធនាគារឯកទេស និង ៥ ការិយាល័យតំណាង និងបន្តពង្រីកខ្លួនកាន់តែទូលំទូលាយសហការជាមួយបណ្តាដៃគូរដ្ឋាភិបាល និងឯកជន។
ពិធីនេះ បានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ៤៖៥០ នាទីល្ងាច ក្នុងបរិយាកាសរីករាយ និងទទួលបានលទ្ធផលជាទីមោទនៈ។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected]