សិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ

09 Apr, 2024 | 3 weeks ago | 23

សិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ
 
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃចន្ទ ១៥ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ប្រមាណ ៧០រូប ចូលរួមសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមទាំងថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ និងរដ្ឋបាលរាជធានី ខេត្ត-ក្រុង ជាច្រើនរូបទៀតផងដែរ។
សិក្ខាសាលាផ្សព្វផ្សាយនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការវិនិយោគ ជូនអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត។ ទទ្ទឹមនេះផងដែរវាលគ្មិនជំនាញមកពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានបកស្រាយយ៉ាងលម្អិតអំពីអនុក្រឹត្យស្តីពីការអនុវត្តច្បាប់អំពីវិនិយោគផងដែរ។
បន្ថែមពីនេះទៀត វិស័យឯកជន បានលើកនូវសំណូមពរជាច្រើន ក៏ដូចជាសាកសួរសំណួរជាច្រើន ដើម្បីបានជ្រាបយ៉ាងលម្អិតពីប្រធានបទខាងលើផងដែរ។
សិក្ខាសាលានេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែរយ៉ាងរលូនប្រកបដោយភាពស្និតស្នាល និងទទួលបានផ្លែផ្កាដូចការរំពឹងទុក។