កិច្ចប្រជុំលើកទី១ ស្តីពីការពិភាក្សា និងការណែនាំពីសមាសភាពក្នុងប្រកាសស្តីពីការកែសម្រួលសមាសភាពគណៈកម្មការជំរុញ និងអភិវឌ្ឍន៍វិស័យសូត្រកម្ពុជា

20 Jan, 2024 12:00 PM | 10 months ago

កិច្ចប្រជុំលើកទី១ ស្តីពីការពិភាក្សា និងការណែនាំពីសមាសភាពក្នុងប្រកាសស្តីពីការកែសម្រួលសមាសភាពគណៈកម្មការជំរុញ និងអភិវឌ្ឍន៍វិស័យសូត្រកម្ពុជា
 
 
 
 
 
 
នៅថ្ងៃច័ន្ទ ១៥រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ០២:៣០នាទីរសៀល នៅទីស្តីការក្រសួងពាណិជ្ជកម្ម, ឧកញ៉ា តែ តាំងប៉រ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកទី១ ស្តីពីការពិភាក្សា និងការណែនាំពីសមាសភាពក្នុងប្រកាសស្តីពីការកែសម្រួលសមាសភាពគណៈកម្មការជំរុញ និងអភិវឌ្ឍន៍វិស័យសូត្រកម្ពុជា ក្រោមអធិបតីភាព លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការជំរុញ និងអភិវឌ្ឍន៍វិស័យសូត្រកម្ពុជា។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធដែលជាសមាជិក សមាជិកានៃគណៈកម្មការជំរុញ និងអភិវឌ្ឍន៍វិស័យសូត្រកម្ពុជា និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។
គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិភាក្សាការងារដែលត្រូវអនុវត្ត ដើម្បីជំរុញវិស័យសូត្រកម្ពុជា និងធ្វើការប្រកាសអំពីការកែសម្រួលសមាសភាពគណៈកម្មការជំរុញ និងអភិវឌ្ឍន៍វិស័យសូត្រកម្ពុជា។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការជំរុញ និងអភិវឌ្ឍន៍វិស័យសូត្រកម្ពុជាក៏បានផ្តល់ជាអនុសាសន៍ដើម្បីជំរុញវិស័យសូត្រនៅកម្ពុជាដូចខាងក្រោម៖
១. ផ្សព្វផ្សាយទៅកាន់ភាគីពាក់ព័ន្ធអំពីការលើកកម្ពស់វប្បធម៌ជាមួយនឹងសហគ្រិនភាព និងធុរកិច្ច ជាពិសេសការច្នៃប្រឌិតនូវការបង្កើតថ្មីដោយមិនបោះបង់នូវគុណតម្លៃវប្បធម៌កត្តញ្ញូលើប្រពៃណី និងការប្រើប្រាស់សូត្រខ្មែរ,
២. ពង្រឹងការសិក្សាស្រាវជ្រាវពីឧត្តមានុវត្តនានា ដើម្បីចាប់យក និងសម្របសម្រួលបន្តធ្វើនូវនវានុវត្តន៍លើផលិតផលសម្រេចសូត្របន្ថែម,
៣. ធ្វើបច្ចុប្បន្នភាព និងអនុវត្តឱ្យបានប្រសិទ្ធភាពនូវវិធានការទាំងឡាយនៅក្នុងយុទ្ធសាស្រ្តវិស័យសូត្រកម្ពុជា ទៅនិងយន្តការរបស់ក្រសួងស្ថាប័ន ព្រមជាមួយនឹងការពង្រឹងកិច្ចសម្របស្រមួលជាមួយនឹងអន្តរក្រសួងស្ថាប័នផងដែរ,
៤. បន្តស្វែងរកដៃគូអភិវឌ្ឍន៍ដើម្បីស្រូបយកបច្ចេកទេសថ្មីសំរាប់ធ្វើទំនើបកម្មផលិតកម្មក្នុងស្រុក,
៥. ពិនិត្យមើលលទ្ធភាពបង្កើតសហព័ន្ធ និងសមាគមបន្ថែម ដើម្បីផ្សព្វផ្សាយពីគុណតម្លៃសូត្រដល់វិនិយោគគិន ព្រមទាំងសាធារណៈជនដែលមានចំណាប់អារម្មណ៍ក្នុងការធ្វើការជាមួយនឹងផលិតករ និង,
៦. ពង្រឹងកិច្ចពិភាក្សាឱ្យបានកាន់តែសកម្មរវាងសមាជិកនៃគណៈកម្មការជំរុញ និងអភិវឌ្ឍន៍វិស័យសូត្រកម្ពុជាដោយមាននូវការរៀបចំយន្តការនៃការតាមដាន វាយតម្លៃផងដែរ។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ០៥:០០ នាទីល្ងាច ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected].
Post details 1