វិទ្យាស្ថានស្រាវជ្រាវថាមពលកូរ៉េពង្រីកកិច្ចសហប្រតិបត្តិការលើការបម្លែងសំបកគ្រាប់ស្វាយចន្ទីជាជីវថាមពលនៅកម្ពុជា

05 Apr, 2024 | 3 weeks ago | 27

វិទ្យាស្ថានស្រាវជ្រាវថាមពលកូរ៉េពង្រីកកិច្ចសហប្រតិបត្តិការលើការបម្លែងសំបកគ្រាប់ស្វាយចន្ទីជាជីវថាមពលនៅកម្ពុជា
នារសៀលថ្ងៃព្រហស្បត្តិ៍ ១១ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ ២០២៤ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ទទួលជួបសម្តែងការគួរសមនិង ពិភាក្សាការងារជាមួយគណៈប្រតិភូមកពីវិទ្យាស្ថានស្រាវជ្រាវថាមពលកូរ៉េ។ នៅក្នុងជំនួបពិភាក្សានេះគណៈប្រតិភូកូរ៉េបានធ្វើបទបង្ហាញអំពីរបកគំហើញនិងបច្ចេកវិទ្យាថ្មីក្នុងការកែច្នៃសំបកគ្រាប់ស្វាយចន្ទីទៅជាជីវថាមពលនិងជីសរីរាង្គដែលនឹងផ្ដល់អត្ថប្រយោជន៍ជា ច្រើនមកប្រទេសកម្ពុជា។ ជាមួយគ្នានោះផងដែរវិទ្យាស្ថានស្រាវជ្រាវថាមពលកូរ៉េក៏បានស្នើរសុំការសហការពីសភាពាណិជ្ជកម្មកម្ពុជាក្នុងការអនុវត្តន៍គម្រោងនៃសង្វាក់ផលិតកម្មមួយនេះនៅក្នុងប្រទេសកម្ពុជា ដែលនឹងអាចផ្ដល់ផលប្រយោជន៍មកកាន់សេដ្ឋកិច្ចដូចជាគាំទ្រដល់កំណើនការងារសម្រាប់ប្រជាជន និងបង្កើនប្រាក់ចំណូលសម្រាប់ជាតិ។ បន្ថែមពីនេះទៅទៀតវិទ្យាស្ថានស្រាវជ្រាវថាមពលកូរ៉េ បានអញ្ជើញសភាពាណិជ្ជកម្មកម្ពុជាធ្វើទស្សនកិច្ចនៅប្រទេសកូរ៉េដើម្បីយល់ពីសង្វាក់ផលិតកម្មឳ្យកាន់តែច្បាស់។ គណៈប្រតិភូវិទ្យាស្ថានស្រាវជ្រាវថាមពលកូរ៉េបានគោរពអញ្ជើញគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាទៅទស្សនកិច្ចនៅមន្ទីរពិសោធន៍ស្រាវជ្រាវ និងកែច្នៃឥន្ធនៈថាមពលពីសំបកគ្រាប់ស្វាយចន្ទីនៅពេលវេលាសមស្របណាមួយ។
អ្នកឧកញ៉ា លឹម ហេង បានស្វាគមន៍យ៉ាងកក់ក្ដៅ និង គាំទ្រចំពោះការស្រាវជ្រាវរបស់វិទ្យាស្ថានស្រាវជ្រាវថាមពលកូរ៉េ ដែលពិតជារួមចំណែក ក្នុងការបង្កើនទំនាក់ទំនងសេដ្ឋកិច្ចកម្ពុជា-កូរ៉េ។ ក្នុងនោះផងដែរអ្នកឧកញ៉ា លឹម ហេង ក៏បានសាកសួរបន្ថែមអំពីគម្រោងរោងចក្រនៅក្នុងប្រទេសកម្ពុជា និងបានសិក្សាបន្ថែមអំពីលទ្ធភាពក្នុងការសហការជាមួយវិទ្យាស្ថានស្រាវជ្រាវថាមពលកូរ៉េក្នុងការដឹកនាំកម្រោងមួយនេះ។ ចុងក្រោយអ្នកឧកញ៉ា លឹម ហេងក៏បានឯកភាពចំពោះការទស្សនកិច្ចនៅប្រទេសកូរ៉េដើម្បីស្វែងយល់អំពីសង្វាក់ផលិតកម្មនៃថាមពលនេះឳ្យកាន់តែស៊ីជម្រៅ។