កិច្ចប្រជុំក្រុមការងារ “ញ” “ផ្នែកថាមពល និងធនធានរ៉ែ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន.

04 Apr, 2024 | 3 weeks ago | 31

កិច្ចប្រជុំក្រុមការងារ “ញ” “ផ្នែកថាមពល និងធនធានរ៉ែ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន.
ថ្ងៃព្រហស្បតិ៍ ១១រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ០៨:៣០នាទីព្រឹក នាក្រសួងរ៉ែ និងថាមពល មានរៀបចំកិច្ចប្រជុំក្រុមការងារ “ញ” “ផ្នែកថាមពល និងធនធានរ៉ែ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រោមអធីបតីភាពសហប្រធានក្រុមការងារទាំងពីរគឺ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាសហប្រធានក្រុមការងារ “ញ” តំណាងផ្នែករដ្ឋាភិបាល និង ឧកញ៉ា អ៊ុន យុទ្ធី អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ “ញ” តំណាងផ្នែកឯកជន នឹង តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងាររួមផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់តំណាងមន្ត្រីពាក់ព័ន្ធនៃក្រសួងរ៉ែ និងថាមពល, អនុសហប្រធានក្រុមការងារ “ញ” ទាំងផ្នែករដ្ឋាភិបាល និងផ្នែកឯកជន, តំណាងមន្ត្រីក្រសួង ស្ថាប័នពាក់ព័ន្ធ, តំណាងសមាគមថ្មសំណង់កម្ពុជា, តំណាងសមាគមឧស្សាហកម្មស៊ីម៉ង់កម្ពុជា, សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា, សមាគមស្បែកជើងកម្ពុជា, សមាគមអ្នកវាយថ្មសំណង់កម្ពុជា, សមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា, សមាគមអគ្គិសនីជនបទកម្ពុជា, តំណាងក្រុមហ៊ុនឯកជនក្នុងវិស័យរ៉ែនិងថាមពល និងសមាជិក សមាជិការនៃក្រុមការងារ “ញ” ជាច្រើនទៀតផងដែរ។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិគ្រោះ ពិភាក្សា និងដោះស្រាយទៅលើបញ្ហាប្រឈមដែលពាក់ព័ន្ធនឹងវិស័យថាមពល និងធនធានរ៉ែ ដែលក្រុមការងារវិស័យឯកជន បានស្នើបញ្ជូនចំនួន២ រួមមាន៖ ១.ការបន្តសុពលភាពអាជ្ញាប័ណ្ណរយៈពេលយ៉ាងហោចណាស់ ៥ឆ្នាំ, ២. បញ្ហាថ្លៃអគ្គិសនីសម្រាប់ប្រើផ្នែកឧស្សាហកម្ម, ហើយបញ្ហាទាំងនេះត្រូវបានអង្គប្រជុំពិភាក្សា នឹងសម្រេចបានទាំងស្រុង ហើយលទ្ធផលទាំងនេះនឹងដើម្បីធ្វើរបាយការណ៍រួមរវាងវិស័យឯកជន និងរដ្ឋាភិបាល នាពេលឆាប់ៗខាងមុខនេះផងដែរ។ លទ្ធផលពីការសម្រេចស្វែងរកចំណុចរួមគ្នាមួយ លើបញ្ហាដែលមាន ត្រូវបានវិស័យឯកជន ឯកភាពនិងទទួលយកអំណះអំណាងសម្រេចពីអង្គប្រជុំក្រុមការងារ “ញ” នេះ ។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១១៖៣០ នាទីព្រឹក ក្នុងបរិយាកាសរីករាយ យោគយល់គ្នា និងទទួលបានលទ្ធផលផ្លែផ្កាល្អ។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected]