ពិធីបើកទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២ ឆ្នាំ២០២៤

24 Mar, 2024 | 1 month ago | 33

ពិធីបើកទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២ ឆ្នាំ២០២៤
ថ្ងៃអាទិត្យ ១៥កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ ឧកញ៉ា សុខ ពិសិដ្ឋ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញចូលរួម ក្នុង ពិធីបើកទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដែលពិធីនេះបានរៀបចំដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រោមប្រធានបទ “សហគ្រាសធុនតូច និងមធ្យមឆ្ពោះទៅវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងជួយបង្កើនបរិយាកាស និងពន្លឿនបរិវត្តកម្មរចនាសម្ព័ន្ធ ដែលជាតម្រូវការចាំបាច់ក្នុងការលើកកម្ពស់វិបុលភាព សន្តិសុខ សុវត្ថិភាព ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឌីជីថល និងគុណភាពជីវិត ឱ្យកាន់តែប្រសើរឡើងសម្រាប់ជាតិមាតុភូមិ ជាពិសេសការបង្កើនល្បឿនដើម្បីលើកកម្ពស់ផលិតភាព គុណភាព និងភាពប្រកួតប្រជែងក្នុងវិស័យកសិ-ឧស្សាហកម្ម, ឧស្សាហកម្ម និងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ ការពង្រឹងសមត្ថភាពបច្ចេកវិទ្យា និងការលើកកម្ពស់សមិទ្ធកម្មនវានុវត្តន៍របស់សហគ្រាស គឺជាកត្តាគន្លឹះកំណត់ការសម្រេចឱ្យបាននូវការចាប់យកខ្សែច្រវ៉ាក់ផ្គត់ផ្គង់ក្នុងតំបន់ និងសាកល។ក្នុងទិសដៅនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រុមប្រឹក្សាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវបានរាជរដ្ឋាភិបាលប្រគល់ភារកិច្ចជាសេនាធិការដើម្បីសម្រេចឱ្យបាននូវការកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។
ក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ជាពិសេសការអនុវត្តអាទិភាពគោលនយោបាយសំខាន់ៗ និងវិធានការកែទម្រង់ជាក់ស្តែងនានា ដែលត្រូវបានដាក់ឱ្យអនុវត្តជាបន្តបន្ទាប់ចាប់ពីដើមនីតិកាលទី៧ នៃរដ្ឋសភា ឱ្យសម្រេចបាននូវលទ្ធផលផ្លែផ្កា និងសម្រេចជោគជ័យ ដើម្បីឆ្លើយតបទៅនឹងសំណូមពរ សេចក្តីត្រូវការ និងការរំពឹងទុករបស់ប្រជាជនកម្ពុជាដែលជាម្ចាស់ឆ្នោត នៅក្នុងដំណាក់កាលថ្មីនៃការអភិវឌ្ឍ៕
ពិធីបើកនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ០៩:០០ នាទីព្រឹក ក្នុងបរិយាកាសរីករាយ។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected].