កម្មវិធីការចែករំលែកដើម្បីអាជីវកម្មរីកចម្រើន

19 Mar, 2024 | 2 months ago | 35

កម្មវិធីការចែករំលែកដើម្បីអាជីវកម្មរីកចម្រើន
(រាជធានីភ្នំពេញ​)៖ នារសៀលថ្ងៃអង្គារ ១០ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ នៅសហគ្រិនខ្មែរ (ជាន់ទី៩) នៃមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច សភាពាណិជ្ជកម្មកម្ពុជា បានរៀបចំកម្មវិធីការចែករំលែកដើម្បីអាជីវកម្មរីកចម្រើន ក្រោមប្រធានបទ «អនុឡោមភាពផលិតផលចំណីអាហារក្នុងស្រុកដើម្បីចីរភាពទីផ្សារ» ក្នុងគោលបំណងឱ្យសមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា បានជួបជុំផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក ដើម្បីទទួលបានគំនិតថ្មីៗយកទៅអភិវឌ្ឍន៍អាជីវកម្មរបស់ខ្លួន។
ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកនាយកប្រតិបត្តិសហគ្រិនខ្មែរ ឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និង ឯកឧត្តម បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជា ស្ថាបនិកផ្សារវីនសូ ក្រុមហ៊ុន ឌីហ្រ្គេន រៀលធី ឯ.ក និង ក្រុមហ៊ុន អិលអេហ្វប៊ី ត្រេឌីង ឯ.ក ក្នុងឱកាសនោះ ឯកឧត្តម បណ្ឌិត តាន់ មុនីវណ្ណ ក៏បានចូលរួមជាវាគ្មិនកិត្តិយស ហើយក៏មានវាគ្មិនកិត្តិយសពីររូបបន្ថែមទៀត លោក ស៊ិន ស៊ីដេត អគ្គនាយករង អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ និង លោក ជា ថារក្ស ប្រធាននាយកដ្ឋាន វិញ្ញាបនបត្រកម្ម នៃវិទ្យាស្ថានស្តង់ដារកម្ពុជា នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ចូលរួមចែករំលែកបទពិសោធន៍ក្នុងកម្មវិធីផងដែរ ។ កម្មវិធីនេះមានម្ចាស់អាជីវកម្មអញ្ជើញចូលរួមចំនួន ៦៤ នាក់ ដើម្បីទទួលបានបទពិសោធន៍ជាជំនួយស្មារតីបន្ថែមយកទៅកែលម្អអាជីវកម្មរបស់ខ្លួន។
សូមបញ្ជាក់ថាកម្មវិធីនេះទទួលបានការគាំទ្រពី សហគ្រិនខ្មែរ ឧបត្ថម្ភដោយ ធនាគារប្រៃសណីយ៍កម្ពុជា ក.អ, ធនាគារវីង (ខេមបូឌា) ម.ក, ក្រុមហ៊ុនគ្រឿងសំណង់ ហ៊ួត ជា, ផ្សារវីនស៊ូ, ក្រុមហ៊ុន ឌីហ្រ្គេន រៀលធី ឯ.ក និង ក្រុមហ៊ុន អិលអេហ្វប៊ី ត្រេឌីង ឯ.ក ។
ជាកិច្ចបញ្ចប់នៃកម្មវិធី ឯកឧត្តម បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជា ស្ថាបនិកផ្សារវីនសូ ក្រុមហ៊ុន ឌីហ្រ្គេន រៀលធី ឯ.ក និង ក្រុមហ៊ុន អិលអេហ្វប៊ី ត្រេឌីង ឯ.ក បានមានមតិចូលរួមក្នុងការបិទកម្មវិធី និងបានវាយតម្លៃខ្ពស់សម្រាប់ការរៀបចំកម្មវិធីខាងលើ ដែលអាចអោយ សមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា ជាពិសេសម្ចាស់អាជីវកម្មមានឱកាសក្នុងការរៀនសូត្របន្ថែមពីបទពិសោធន៍ថ្មីៗរួមទាំងបញ្ហា និងដំណោះស្រាយល្អៗ ពីវាគ្មិនកិត្តិយសដើម្បីយកមកដឹកនាំអាជីវកម្មរបស់ខ្លួនទៅរកការអភិវឌ្ឍប្រកបដោយចីរភាព។
កម្មវិធីខាងលើបានបញ្ចប់នូវល្ងាចថ្ងៃដដែល ក្នុងបរិយាកាសសប្បាយរីករាយ និងស្និតស្នាលក្រៃលែង។