ជំនួបសម្តែងការគួរសម្យ និងពិភាក្សាការងាររវាង សភាពាណិជ្ជកម្មកម្ពុជា និងស្ថាប័នមូលនិធិអភិវឌ្ឍន៍ជំនាញ

18 Mar, 2024 | 2 months ago | 46

ជំនួបសម្តែងការគួរសម្យ និងពិភាក្សាការងាររវាង សភាពាណិជ្ជកម្មកម្ពុជា និងស្ថាប័នមូលនិធិអភិវឌ្ឍន៍ជំនាញ
(រាជធានីភ្នំពេញ) នារសៀលថ្ងៃចន្ទ ៩ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា រួមទាំង លោកជំទាវឧកញ៉ា នួន ពេជ្រសុផល អគ្គនាយករងជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មម៉ាឡេសុីប្រចាំនៅកម្ពុជា រួមគ្នាជាមួយវិទ្យាស្ថានបច្ចេកវិទ្យាបណ្តុះបណ្តាលជំនាញម៉ាឡេសុី បានចូលជួបសម្តែងការគួរសម្យ និងពិភាក្សាការងារ ជាមួយ លោក គី សុខគីម នាយកប្រតិបត្តិ ស្ថាប័នមូលនិធិអភិវឌ្ឍន៍ជំនាញ រួមទាំងសហការី នៅមជ្ឍមណ្ឌលអភិវឌ្បន៍ធុរកិច្ច។
ជំនួបនេះធ្វើឡើងក្នុងគោលបំណងណែនាំពីស្ថាប័នរៀងៗខ្លួនអោយស្គាល់គ្នាកាន់តែសុីជម្រៅ និងបានជជែកគ្នាយ៉ាងលម្អិតអំពីមូលនិធិអភិវឌ្ឍន៍ជំនាញ។ ទន្ទីមនឹងនេះផងដែរ ស្ថាប័នមូលនិធិអភិវឌ្ឍន៍ជំនាញបានធ្វើបទបង្ហាញយ៉ាងក្បោះក្បាយអំពីស្ថាប័នរបស់ខ្លួន និងបង្ហាញថាស្ថាប័នរបស់ខ្លួនរីករាយទទួលស្វាគមន៍រាល់គម្រោងនានាដល់មូលនិធិ។
បន្ទាប់មក ឯកឧត្តមឧកញ៉ា អគ្គនាយក បានថ្លែងអំណរគុណដល់ស្ថាប័នមូលនិធិអភិវឌ្ឍន៍ជំនាញ ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងបានផ្តល់ព័ត៌មានយ៉ាងលម្អិតពីស្ថាប័នរបស់ខ្លួន និងទិសដៅរបស់ខ្លួនផងដែរ។ ឯកឧត្តមឧកញ៉ា អគ្គនាយក បានថ្លែងបន្តថា លោកនឹងយកទៅសិក្សាបន្ថែមដើម្បីពិនិត្យមើលថាតើរវាងស្ថាប័នយើងទាំងពីរអាចធ្វើការសហការអ្វីជាមួយគ្នាបាន។
ជាមួយគ្នានេះផងដែរ វិទ្យាស្ថានបច្ចេកវិទ្បណ្តុះបណ្តាលជំនាញម៉ាឡេសុី ដែលបានចូលរួមក្នុងជំនួបនេះ បានបង្ហាញការចាប់អារម្មណ៍អំពីគម្រោងមូលនិធិអភិវឌ្ឍន៍ជំនាញ។ វិទ្យាស្ថានបច្ចេកវិទ្បណ្តុះបណ្តាលជំនាញម៉ាឡេសុីនឹងធ្វើការសិក្សាលម្អិតដើម្បីស្វែងយល់អោយកាន់តែសុីជម្រៅដើម្បីជាព័ត៌មានសម្រាប់គម្រោងផ្សេងៗនាពេលអនាគត។
ជំនួបនេះបានបញ្ជប់នារសៀលនៃថ្ងៃខែឆ្នាំដដែលប្រកបដោយបរិយាកាសស្និតស្នាល និងរាក់ទាក់ជាទីបំផុត។