សភាពាណិជ្ជកម្មកម្ពុជា បានរៀបចំកម្មវិធី រាត្រីបណ្តាញសមាជិក (Members Networking Night)
30 Sep, 2024 19:29 PM | 2 months ago
ល្ងាចថ្ងៃសុក្រ ១០រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ សភាពាណិជ្ជកម្មកម្ពុជា បានរៀបចំកម្មវិធី រាត្រីបណ្តាញសមាជិក (Members Networking Night) សម្រាប់អោយសមាជិក សមាជិកាមកពីវិស័យផ្សេងៗមានឱកាស បង្កើតការតភ្ជាប់បណ្តាញអាជីវកម្ម ចែករំលែកចំណេះដឹង និងស្វែងរកឱកាសសហការក្នុង គោលបំណងលើកកម្ពស់ខ្សែសង្វាក់តម្លៃរួមសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។
កម្មវិធី “Members Networking Night” នេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្ពុជា និងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ចំនួន១៥០នាក់ ដែលប្រារព្ធធ្វើឡើងនៅ
អគារ Urban Village Phase One ស្ថិតនៅជាន់ទី២៣ ក្នុងរាជធានីភ្នំពេញ។
ថ្លែងសុន្ទរកថាក្នុងពិធីបើក ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច បានមានប្រសាសន៍ផ្តល់ចំណាប់អារម្មណ៍ថា ''ព្រឹត្តិការណ៍រាត្រីនេះគឺ រៀបចំឡើងក្នុងគោលបំណងជំរុញទំនាក់ទំនង និងជាការបើកផ្លូវសម្រាប់ឱកាសថ្មីៗនៅក្នុងវិស័យធុរកិច្ច តាមរយៈការតភ្ជាប់បណ្តាញអាជីវកម្ម និងឧស្សាហកម្ម ព្រមទាំងវិស័យផ្សេងៗដើម្បីពង្រឹងខ្សែសង្វាក់តម្លៃរួម និងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងប្រទេសកម្ពុជា សំដៅជំរុញនវានុវត្តន៍ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព'' ។
ឯកឧត្តម ឧកញ៉ា បានបន្ថែមទៀតថា គោលបំណងចម្បងនៃការរៀបចំកម្មវិធីនេះ គឺដើម្បីបង្កើតបរិយាកាសដ៏កក់ក្តៅ និងទាក់ទាញ ដល់សមាជិក សមាជិកា ក្នុងការពង្រឹងទំនាក់ទំនង ចែករំលែកការយល់ដឹង និងស្វែងរកមធ្យោបាយដែលមានសក្តានុពលសម្រាប់កិច្ចសហការនានា។
ឯកឧត្តម ឧកញ៉ា ជឿជាក់យ៉ាងមុតមាំថា ព្រឹត្តិការណ៍នេះនឹងពង្រឹងទំនាក់ទំនងនៅក្នុងសហគមន៍ធុរកិច្ចរបស់យើង ស្របពេលដែលរដ្ឋាភិបាលបាននឹងកំពុងដាក់ចេញនូវគោលនយោបាយ លើកកម្ពស់ការចូលរួមយ៉ាងសកម្មពីសំណាក់វិស័យឯកជន ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា និងជាពិសេសក្នុងន័យជម្រុញបរិយាកាស ការធ្វើអាជីវកម្មនានា ក៏ដូចជាផ្តល់អំណោយផលក្នុងគោលបំណងរួមចំណែក ឆ្ពោះទៅរកកំណើន និងភាពធន់នៃសេដ្ឋកិច្ច។
លើសពីនោះទៅទៀត ឯកឧត្តម ឧកញ៉ា បានលើកទឹកចិត្តដល់អ្នកចូលរួមឱ្យទាញយកអត្ថប្រយោជន៍អោយបានច្រើនបំផុតពីកម្មវិធីនេះ ដើម្បីឱ្យអ្នកចូលរូមទាំងអស់អាចពង្រីកបណ្តាញអាជីវកម្ម ឱ្យកាន់តែមានប្រសិទ្ធភាព និងមានប្រសិទ្ធផល ខណៈពេលដែលការស្វែងរកភាពជាដៃគូប្រកបដោយសក្តានុពល គឺនឹងផ្តល់ប្រយោជន៏មិនត្រឹមតែជាការគាំទ្រ និងលើកស្ទួយអាជីវកម្មក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកឱ្យកាន់តែរឹងមាំលើវិស័យសេដ្ឋកិច្ចកម្ពុជាផងដែរ។
សភាពាណិជ្ជកម្មកម្ពុជា បានដើរតួនាទីយ៉ាងខ្ជាប់ខ្ជួនក្នុងការជំរុញកំណើនសេដ្ឋកិច្ច ជម្រុញគោលនយោបាយលើកស្ទួយវិស័យឯកជន បង្កើនចំណងមិត្តភាពពាណិជ្ជកម្មនានា ក៏ដូចជាការសម្របសម្រួលសកម្មភាពពាណិជ្ជកម្ម និងវិនិយោគបរទេសផងដែរ។