កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ ២០២៤

05 Apr, 2024 | 3 weeks ago | 21

កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ ២០២៤
កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៤ បញ្ចប់ទៅប្រកបដោយជោគជ័យនៅរាជធានីភ្នំពេញ
រាជធានីភ្នំពេញ ប្រទេសកម្ពុជា៖ កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៤ ដែលបានបញ្ចប់នៅថ្ងៃទី២ ខែមេសា បានកត់ត្រានូវព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់ ដែលនាំមកនូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការបង្កើតភាពជាដៃគូថ្មី និងគំនិតផ្តួចផ្តើមសេដ្ឋកិច្ចជាយុទ្ធសាស្ត្រ។ រៀបចំឡើងដោយសភាពាណិជ្ជកម្មកម្ពុជា សហការជាមួយដៃគូសភាពាណិជ្ជកម្មអន្តរជាតិ និងសមាគមពាណិជ្ជកម្មអន្តរជាតិនានានៅកម្ពុជា កិច្ចប្រជុំកំពូលនេះគឺជាសក្ខីភាពមួយនៃស្មារតីសហការជំរុញអនាគតសេដ្ឋកិច្ចរបស់អាស៊ាន។
ពិធីបើកកិច្ចប្រជុំកំពូលបានចាប់ផ្ដើមនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ឥស្សរជនជាន់ខ្ពស់ រួមមាន៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល និងឯកអគ្គរដ្ឋទូត រួមជាមួយថ្នាក់ដឹកនាំធុរកិច្ចជាង ៥០០រូប មកពីអាស៊ាន និងជុំវិញពិភពលោក រួមទាំងនាយកប្រតិបត្តិនៃសាជីវកម្មអន្តរជាតិធំៗដែលកំពុងប្រតិបត្តិការក្នុងប្រទេសកម្ពុជា បានចូលរួមនៅក្នុងកិច្ចប្រជុំកំពូលនេះ។
នៅក្នុងសុន្ទរកថាគន្លឹះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានអបអរសាទរការវិវត្តន៍ដ៏គួរឱ្យកត់សម្គាល់របស់អាស៊ាន ដែលបានប្រែក្លាយទៅជាតំបន់សេដ្ឋកិច្ចថាមវន្ត ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ១៩៦៧។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើតួនាទីរបស់កម្ពុជាជាដៃគូសកម្មនិងស្និទស្នាល ក្នុងចង្កោមគ្រួសារអាស៊ាន ហើយបានបញ្ជាក់ជាថ្មីពីការយកចិត្តទុកដាក់របស់ប្រទេសកម្ពុជាក្នុងការរួមចំណែកដល់ សហគមន៍សេដ្ឋកិច្ចអាស៊ានដែលមានភាពធន់ ចីរភាព បរិយាប័ន្ន និងភាពប្រកួតប្រជែង។
កិច្ចប្រជុំកំពូលនេះក៏មានការរៀបចំពិធីជប់លៀង Cocktails នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ដើម្បីបង្កើតទំនាក់ទំនងដ៏មានតម្លៃនៅទូទាំងវិស័យធុរកិច្ច រដ្ឋាភិបាល និងការវិនិយោគ។ លោកជំទាវ បានសង្កត់ធ្ងន់លើការផ្តោតសំខាន់នៃកិច្ចប្រជុំលើការបោះជំហានសេដ្ឋកិច្ចរបស់អាស៊ាន និងសក្តានុពលសម្រាប់ការតភ្ជាប់ក្នុងតំបន់ដែលកាន់តែកើនឡើង ដោយជំរុញឱ្យមានការប្តេជ្ញាចិត្តចំពោះកំណើនប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន ដោយកម្ពុជាបានត្រៀមខ្លួនជាច្រកទ្វារដ៏សំខាន់មួយទៅកាន់ទីផ្សារអាស៊ាន។
កិច្ចប្រជុំកំពូលបានសិក្សាស្វែងយល់អំពីសសរស្តម្ភបរិវត្តកម្មចំនួនបី រួមមាន៖
1. ការបញ្ចេញថាមពលនៃការតភ្ជាប់៖ ផ្នែកនេះបានគូសបញ្ជាក់ពីសារៈសំខាន់នៃការជំរុញភាពជាដៃគូឆ្លងដែន និងគំនិតផ្តួចផ្តើមរួមគ្នា ដែលមានសារៈសំខាន់ក្នុងការសម្រេចបានសក្តានុពលសេដ្ឋកិច្ចរួមរបស់អាស៊ាន។
2. កម្ពុជាជាច្រកទ្វារទៅកាន់អាស៊ាន៖ ការពិភាក្សាបានបំភ្លឺអំពីជំហរយុទ្ធសាស្ត្ររបស់កម្ពុជា និងសក្តានុពលដែលកំពុងរីកចម្រើន ក្នុងនាមជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ការវិនិយោគ និងកិច្ចសហប្រតិបត្តិការក្នុងអាស៊ាន ដែលជំរុញឱ្យមានសមាហរណកម្មកាន់តែស៊ីជម្រៅនៅក្នុង
តំបន់។
3. ការប្រើប្រាស់នវានុវត្តន៍បច្ចេកវិទ្យា និងឌីជីថលនីយកម្មសម្រាប់កំណើនដែលមានបរិយាប័ន្ន៖ កិច្ចប្រជុំកំពូលបានពិភាក្សាអំពីរបៀបដែលបរិវត្តកម្មឌីជីថល និងបច្ចេកវិទ្យាដែលកំពុងរីកចម្រើនដូចជាបញ្ញាសិប្បនិមិត្ត (AI) អាចនាំឱ្យមានការផ្លាស់ប្ដូរការប្រកបអាជីវកម្ម បំពេញ
គម្លាតឌីជីថល និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។
ឥស្សរជនសំខាន់ៗរបស់រដ្ឋាភិបាល រួមមាន ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទីមួយនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និង ឯកឧត្តម ហែម វណ្ឌឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង បានផ្តល់ការយល់ដឹងអំពីអត្ថប្រយោជន៍នៃការវិនិយោគរបស់កម្ពុជា ភាពចាំបាច់នៃថាមពលកកើតឡើងវិញ និងតួនាទីនៃបច្ចេកវិទ្យាក្នុងការជំរុញកំណើន។
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា បានលើកឡើងពីសារៈសំខាន់នៃកិច្ចប្រជុំកំពូល ដែលកម្ពុជាបន្តការចូលរួមនៅក្នុងសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន។ លោក Thanongsinh Kanlagna អនុប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មជាតិឡាវ និងជាប្រធានពានរង្វាន់ធុរកិច្ចអាស៊ានឆ្នាំ២០២៤ បានសង្កត់ធ្ងន់លើតួនាទីជាមូលដ្ឋាននៃការតភ្ជាប់នៅក្នុងការពង្រីករបស់អាស៊ាន។
ឯកឧត្តម Nararya S. Soeprapto អគ្គលេខាធិការរងអាស៊ានទទួលបន្ទុកកិច្ចការសហគមន៍ និង សាជីវកម្ម បានបូកសរុបលទ្ធផលនៃកិច្ចប្រជុំកំពូលប្រកបដោយសុទិដ្ឋិនិយម ដោយសង្កត់ធ្ងន់លើស្មារតីសហការដែលនាំទៅរកការពិភាក្សា និងឱកាសដ៏មានសក្តានុពល ក្នុងការទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី បរិវត្តកម្មឌីជីថល និងសេដ្ឋកិច្ចបៃតងដែលកំពុងរីកចម្រើន។
ព្រឹត្តិការណ៍នេះបានបញ្ចប់ដោយពិធីជប់លៀងអាហារពេលល្ងាច រៀបចំឡើងដោយ ឯកឧត្តម សាយ សំអាល់ ដែលផ្តល់ឱកាសសម្រាប់បង្កើតបណ្តាញទំនាក់ទំនងបន្ថែមទៀតសម្រាប់គណៈប្រតិភូ និងពង្រឹងការយកចិត្តទុកដាក់រួមក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដ៏រឹងមាំនៅក្នុងអាស៊ាន។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
នាយក​ដ្ឋាន​ទំនាក់​ទំនង​អន្តរជាតិ​នៃ​សភាពាណិជ្ជកម្មកម្ពុជា
អ៊ីមែល៖ [email protected]
ទូរស័ព្ទ៖ +855-12-516756, +855-77-317711